Friday, April 5, 2013

ឆក់​កាបូប​ពី​ក្រុម​នារី​ក្រមុំ នាង​បើក​ម៉ូតូ​ដេញ​បំបុក​ដួល ចាប់​ខ្លួន​បាន​ជន​សង្ស័យ​2​នាក់

ខេត្ត​បាត់​ដំបង៖ យុវជន​៣នាក់​បាន​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​លុយ​បាន​សម្រេច​​ពី​នារី​ វ័យក្មេង​៣​នាក់ ដែល​កំពុង​ជិះម៉ូតូ​តាម​ដង​ផ្លូវ  ​​ប៉ុន្តែ​ ត្រូវ​ពួក​នាង​ជិះម៉ូតូ​ដេញ​តាម​បុក​​ពី​​ក្រោយ​​បណ្ដាលឱ្យ​ដួល​ប្រកាច់​ ប្រកិន​ពេញថ្នល់ ។ ហេតុ​ការណ៍​នេះ​ ​កាល​ពី​ល្ងាច​ថ្ងៃទី៣​ មេសា​ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ផ្លូវ​ច្រមុះជ្រូក​ ​ក្នុង​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង ​ហើយ​ត្រូវ​សមត្ថកិច្ច​មក​ទាន់​ក្របួច​បាន​ជន​ដៃដល់​២​នាក់​ ​និង​ម្នាក់​ទៀត​រត់រួច​ក្នុង​ស្ថាន​ភាព​កំពុង​ច្របូក​ច្របល់ ។

មន្ត្រីសមត្ថកិច្ច​​ប្រាប់​ថា​ ​ជន​សង្ស័យ​ទាំង​២​នាក់​នោះ​ ​ម្នាក់​ឈ្មោះ ខេន​ ភារម្យ​ អាយុ២១ឆ្នាំ ​លក់​ខោ​អាវ​នៅ​ផ្សារ​លើ​ រស់​នៅ​ភូមិ​កំពង់​សីមា​សង្កាត់​វត្តគ​ ក្រុង​បាត់​ដំបង​ និង​​ម្នាក់​ទៀត​​ឈ្មោះ​សុះ​ ​ស៊ីហ្វា​ ហៅ​ វ៉ា​ អាយុ១៩ឆ្នាំ​ នៅរាជ​ធានី​ភ្នំពេញ​ តែមក​​ស្នាក់​នៅ​បណ្ដោះ​​អាសន្ន​ជាមួយ​ជន​ខាង​លើ​ និងជិះម៉ូតូម៉ាក​ស្គូពី​ ពណ៌ផ្ទៃមេឃ​ គ្មានស្លាកលេខ ។​ រីឯ​នារី​រង​គ្រោះ​ ១-ឈ្មោះ​យ៉ុត​ ឆវី​ អាយុ២៤ឆ្នាំ​ ​២-ឈ្មោះ​យ៉ុត​ ឆវិន​ អាយុ​២១ឆ្នាំ​ ​​២នាក់​នេះជា​បង​ប្អូន​បង្កើត​ និង៣-ឈ្មោះ​ គីន​ អាយុ១៩ឆ្នាំ​ ទាំង​អស់​គ្នា​រស់​នៅភូមិសូភី២​ សង្កាត់រតនៈ​ ​ក្រុង​បាត់​​ដំបង ​។​ ជិះម៉ូតូម៉ាកឃ្លិក​ ពណ៌ស​​លាយ​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​​បាត់​ដំបង​ 1J-7654 ។​ សមត្ថ​កិច្ច​និយាយ​ថា​ ​ជន​សង្ស័យ​បាន​ឆក់​យក​កាបូប​នារីខាង​លើនេះ​ ​ហើយ​​ព្យាយាម​ជិះ​រត់​គេច​​​តែត្រូវ​ពួក​នាង​ជិះ​ដេញ​តាម​បុក​ពី​ក្រោយ​ បណ្ដាលឱ្យ​ដួល​ ទើប​សមត្ថកិច្ចចាប់​បាន​២​នាក់ ​ឯម្នាក់​ទៀត​រត់​រួច ។ ដោយ​ឡែក​នារី​ទាំង​៣​នាក់​ក៏​រងរបួសគួរសមដែរ ។នាង​យ៉ុត​ ឆវី​ ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា​ ​ពួក​នាង​បាន​ជិះម៉ូតូ​ចេញ​ពី​ម្ដុំ​រង្វង់​មូល​លោក​តា​ដំបង​គ្រញូង​បម្រុង​ មក​ផ្ទះ​​ ​លុះមក​ដល់​ខាង​មុខ​សាលា​​ខូអ័រ​​ ស្រាប់​តែ​ក្រុម​ជន​ខាង​លើជិះ​​ម៉ូតូមក​ឆាប​រួចឆក់​យក​កាបូប​ពី​ដៃនាង ។​ ​គ្រានោះប្អូន​ស្រី​នាង​ឈ្មោះ​ឆ​វិន​ ជា​អ្ន​កបើក​ម៉ូតូ​បាន​បន្ថែម​ល្បឿន​ដេញ​តាម​​ដោយ​ស្រែក​ថា ​«ចោរៗ» កងរំពង​តាម​ដង​ផ្លូវ​ឱ្យ​គេជួយ​អន្តរា​គមន៍​ទៀត​ផង ។​ ​ប៉ុន្តែ​បាន​ប្រហែល​ជា​៣០០​ម៉ែត្រ​ដល់​ចំណុច​ផ្លូវ​ច្រមុះ​ជ្រូក​ក៏​បុក​ពី ​ក្រោយ​ដួល​ទាំង​អស់​គ្នា​​ ស្រប​ពេលនោះ​សមត្ថកិច្ច​ក៏​មក​ដល់ធ្វើ​អន្តរា​គមន៍​ចាប់​ក្រុមចោរ​ឆក់​​បាន២ ​នាក់​ភា្លមៗតែម្ដង។​ ​ពេល​​ជិះ​ម៉ូតូ​បុក​​ពួក​​ចោរ​​នោះ​ដួល​​ហើយ ​កាបូប​លុយ​បាន​ធ្លាក់​ពី​ដៃពួក​គេ​ ហើយនាង​ក៏​ស្ទុះ​ទៅ​ដណ្ដើម​បាន​មក​វិញ​ដែរ ។ប៉ូលិស​​​ត្រូវឃាត់​ខ្លួន​ភ្លាមៗ​​​ជន​សង្ស័យ​បាន​ ព្យា​យាម​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បាន​ឆក់​យក​កាបូប​លុយ​ពី​នារី​រង​គ្រោះ​ខាង​លើនេះទេ​ ​បើ​​ទោះ​ជា​កា​បូប​លុយ​នោះ​ធ្លាក់​ពីដៃពួក​គេពេល​ដួល​ម៉ូតូក្ដី ។​ ប៉ុន្តែ​សាក្សី​ជា​ច្រើន​​អះអាង​ថា​ ​បាន​ឃើញ​ក្រុម​នេះធ្វើ​សកម្មភាព​​ ​ហើយ​នារី៣​នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ក្រោយ​ជា​មួយ​នឹង​សម្រែក​ ​ថា «ចោរៗ» កងរំពងតាមដងផ្លូវ ។​ ក្រោយ​ពី​មាន​សាក្សី​ជា​ច្រើន​​ឆ្លើយ​ដាក់​បន្ទុក​​ជន​សង្ស័យ​​​​ក៏ផ្លាស់​ ប្ដូរ​ចម្លើយ​ ​ហើយ​​សារ​ភាព​អំពី​កំហុស​របស់​ខ្លួន​ប្រាប់​សមត្ថ​កិច្ច​ថា​ ​ពួក​ខ្លួន​មាន​គ្នា៣​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​ពី​នារី​រង​ គ្រោះទាំង​៣​នាក់​នោះមែន ។លោក​ជេត​ វណ្ណនី ស្នង​ការ​រងនគរ​បាល​​ខេត្ត ​មាន​ប្រសាសន៍​ដែរថា​ ​ជន​សង្ស័យ​ពិត​ជា​បាន​ព្យា​យាម​បដិសេធមែន​ ​តែ​ក្រោយ​មកបាន​សារ​ភាព​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​វិញ​ ​​ក្រោយ​ពី​មាន​សាក្សី​មក​ចង្អុល​បង្ហាញ​ដាក់​បន្ទុក​ទៅ​លើពួក​គេ។ ​លោក​ស្នង​ការ​រង​បញ្ជាក់​​ថា​ ​កម្លាំង​ជំនាញ​​បាន​​​សួរ​នាំ និង​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទាំង​២​នាក់​ទៅកាន់​សាលា​ដំបូង​ខេត្ត និងបន្ត​ស្រាវ​ជ្រាវ​រកចាប់​ខ្លួន​ជន​​ម្នាក់​ទៀត​ដែលកំពុង​រត់​គេចខ្លួន ៕


Comment on Facebook

KohSantepheap Daily